លោកនួនកន (1934-2002)
លោកសាស្ត្រាចារ្យ នួន កន កើតនៅថ្ងៃទី១៨ ខែមិថុនា
ឆ្នាំ១៩៣៤ ក្នុងក្រុងភ្នំពេញ ។ លោក នួន កន
ជាសាស្ត្រាចារ្យនាដសាស្ត្រ នៃមហាវិទ្យាល័យ វិចិត្រសិល្បៈភ្នំពេញ។
លោកបានចូលជាសមាជិកអ្នកនិពន្ធខ្មែរ តាំងពីថ្ងៃទី០១ ខែមករា
ឆ្នាំ១៩៥៨។
លោកបានទទួលអាហារូបករណ៍អាម៉េរិកាំង មូលនិធិអាស៊ី (Asia
Foundation) នៅភ្នំពេញ។ ពីឆ្នាំ ១៩៦១-១៩៦៥
លោកបានទៅរៀនសិល្បៈនាដកម្ម និងការដឹកនាំរឿងល្ខោន នៅប្រទេសបារាំង
ក្រោមការដឹកនាំរបស់គ្រូ Pierr Valde ចាងហ្វាងសាលាល្ខោន ឈ្មោះ
Teartre Traoin ។ នៅឆ្នាំ ១៩៦៦ -១៩៦៧
លោកបានប្រលងជាប់សញ្ញាប័ត្រវិជ្ជាស្ថានសិក្សាល្ខោននាដកម្ម
(Institude détudes théatrale) នៅសាកលវិទ្យាល័យប៉ារីសទី៣ ស្ហោបោន
(Paris III Sorbonne) ប្រទេសបារាំង។ ឆ្នាំ ១៩៦៧-១៩៦៨
លោកបានទៅសិក្សានៅមជ្ឈមណ្ឌលសាកលវិទ្យាល័យអន្តរជាតិ
ខាងការអប់រំសិក្សា និងស្រាវជ្រាវសិល្បៈនាដសាស្ត្រ CUIFERD នៅ
Nancy ប្រទេសបារាំង ហើយលោកបានប្រលងជាប់សញ្ញាប័ត្រជាន់ខ្ពស់
សិក្សានាដកម្ម។
លោកបានត្រឡប់មកភ្នំពេញ
បំពេញការងារជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ
វិចិត្រសិល្បៈភ្នំពេញដដែល។ ឆ្នាំ១៩៧៤-១៩៧៦
លោកបានទទួលអាហារូបករណ៍អាម៉េរិកាំង មូលនិធិជប៉ុន (Japan Foundation)
នៅតូក្យូ ដើម្បីស្រាវជ្រាវល្ខោនបុរាណ ណូ (No) ។
បន្ទាប់ពីខ្មែរក្រហមមកកាន់អំណាចនៅភ្នំពេញ
លោកមិនអាចចូលកម្ពុជាវិញបាន
លោកបានទៅរស់នៅសហរដ្ឋអាមេរិករហូតដល់ឆ្នាំ ១៩៩១
ទើបត្រឡប់ទៅរស់នៅប្រទេសជប៉ុន ជាមួយភរិយាជាជនជាតិជប៉ុន។ ឆ្នាំ
១៩៩៣ ដល់ ១៩៩៦ មហាវិទ្យាល័យជាតិខាងភាសាបរទេស (Tokyo Gaikokugo
Daigaku) នៅតូក្យូបានទទួលលោកឲ្យធ្វើជាសាស្ត្រាចារ្យភាសាខ្មែរ។
ពេលលោកចូលនិវត្តន៍ លោកបានត្រលប់ទៅរស់នៅ Long Beach
សហរដ្ឋអាមេរិក។
បើទោះបីជានៅសហរដ្ឋអាមេរិកក្តី ឬនៅជប៉ុនក្ដី
លោកជាអ្នកការពាររក្សាវប្បធម៌ អរិយធម៌ខ្មែរយ៉ាងសកម្ម
និងជានិរន្តរ ទាំងផ្នែកសមាគមខ្មែរ ទាំងផ្នែកមនុស្សធម៌។
លោកក៏ជាសិស្ស របស់លោកហង្ស ធុនហាក់ ជំនាន់លោក ហង់ ជួន
និងលោកឆេង ផុន។ លោកបានទទួលអនិច្ចកម្ម នាព្រឹកថ្ងៃអាទិត្យ
ទី៣១ ខែមីនា ឆ្នាំ២០០២ វេលាម៉ោង៩ព្រឹក ដោយរោគាពាធ
ក្នុងជន្មាយុ ៦៨ឆ្នាំ នៅឡុងប៊ិច សហរដ្ឋអាមេរិក។
ចំណែកឯស្នាដៃសំខាន់ៗរបស់លោក មានដូចជារឿងល្ខោន និងសិក្សាកថា ដូចបានរ៉ាយរ៉ាប់ខាងក្រោម៖
១. ស្នាដៃពិសេសមួយ របស់លោក នួន កន គឺលោកបាននិពន្ធបទភ្លេង
និងចម្រៀងជាតិ សាវតារខ្មែរ ដែលយើងគ្រប់គ្នាច្រឡំថា
ជាស្នាដៃរបស់សម្ដេចសង្ឃរាជ ជួន ណាត។ បទនេះ បាននិពន្ធឡើង
នៅថ្ងៃ១២ ខែកញ្ញា ឆ្នាំ១៩៥៨ ដោយលោក នួន កន
យកតាមលំនាំបទបុរាណខ្មែរ ដែលមានឈ្មោះថា ស្រីខ្មែរត្បាញ
បានយកទៅប្រកួតក្នុងទិវាមហោស្រពជាតិ ឆ្នាំ១៩៥៨
បានទទួលរង្វាន់ពានមាស ពីមហាក្សត្រិយានី ស៊ីសុវត្ថិ កុសមៈ
នារីរតន៍ សិរីវឌ្ឍនា។
២. កម្រងសិល្បៈសិក្សា ទំនុកច្រៀង និងអក្សរភ្លេង ឆ្នាំ១៩៥៩ មាន ៣៦ទំព័រ
៣. រឿងឧក្រិដ្ឋកម្ម និងទណ្ឌកម្ម ជារឿងល្ខោន ដែលប្រែសម្រួល
ដោយ លោក នួន កន និង អ៊ុក សុជាតិ នាឆ្នាំ១៩៧៣ មាន ៧០ទំព័រ
៤. រឿងផ្កាកណិការ ជារឿងល្ខោន សម្រួលពីរឿងកាកី បោះពុម្ពនៅកាលីហ្វរនីញ្ញ៉ា ឆ្នាំ១៩៨២ មាន ៤២ទំព័រ
៥. សភាពខ្លះនៃអក្សរសាស្ត្រខ្មែរ គឺជាសិក្សាកថា តូក្យូ ១៩៩៧
៦. កម្រងអត្ថបទសិក្សាកថា នៅឡុងប៊ិច ឆ្នាំ១៩៩៩ មាន៤២ទំព័រ
៧. រឿងព្រលឹងចងពៀរ ជារឿងល្ខោន (ខ្សែអាត់សម្លេង) នៅឡុងប៊ិច ឆ្នាំ១៩៩៩
៨. រឿងព្រលឹងយុត្តិធម៌ ជារឿងល្ខោន (ខ្សែអាត់សម្លេង) នៅឡុងប៊ិច ឆ្នាំ១៩៩៩
៩. រឿងរទេះដឹកឥដ្ឋ ប្រែសម្រួលពីនាដកម្មសំស្ក្រឹត ដែលបានប្រែជាភាសាបារាំង ឆ្នាំ២០០០ មាន ១១៣ទំព័រ
ខាងក្រោមនេះជាទំនុកចម្រៀងដើម របស់បទចម្រៀង "សាវតារខ្មែរ" លំនាំបទមហោរីខ្មែរ ឈ្មោះថា ស្រីខ្មែរត្បាញ ៖
១) ខ្មែរអើយចូរចាំជាក់ថា តាមសាវតារ ជាតិខេមរា
ធ្លាប់តែថ្កើង ទឹកដីខ្មែរធំ ទូលំទូលាយ សុះសាយរុងរឿង
គេឯងតែងលើកតម្កើង តម្កល់ជាតិយើង ចាត់ទុកឡើងជាជាតិច្បង។
២) អារ្យធម៌ខ្ពង់ខ្ពស់ឆើតឆាយ បានចេញផ្សព្វផ្សាយ
គ្រប់ទិសទាំងឡាយ ចុងបូព៌ា សាស្ត្រាសិល្បៈ ចម្លាក់វិចិត្រ
គំនិតសិក្សា តន្ត្រីទស្សនវិជ្ជា ព្រះពុទ្ធសាសនា
ជាគោលការណ៍ខ្មែរផ្សាយទៅ។
៣) ខ្មែរអើយចូរស្ដាប់សាវតារ ដែលបានចរចា បញ្ជាក់ប្រាប់ថា
ពូជខ្មែរថ្កើង តាំងចិត្តឲ្យមាំ ខិតខំប្រឹងវេញ បញ្ចេញតម្កើង
តម្លៃនៃជាតិខ្មែរយើង ឲ្យបានរុងរឿង ជាថ្មីឡើងតាមសាវតារ។