Hello4u Company

Header Ads

វិធីសាស្រ្តយកឈ្នះក្តីទុក្ខ ហើយសាងជីវិតឲ្យកាន់តែប្រសើរ


ព្រះពុទ្ធទ្រង់ត្រាស់ថា "មានរូបមានទុក្ខ" ក្មេងកើតចេញពីផ្ទៃម្តាយមកស្រែកយំកើតទុក្ខព្រោះឃ្លាន  ចំណែកម្តាយកើតទុក្ខខ្លាច កូនកើតមកមានអវយវៈមិនគ្រប់គ្រាន់។  លុះពេលកូនកើតមកមានសភាវៈគ្រប់ហើយ  ក៏បានធូរចិត្តបន្តិច  តែទុក្ខក៏មានជាបន្តទៀតថា មិនដឹងជាចិញ្ចឹមកូនឲ្យរស់ធំធាត់ក្លាយជាមនុស្សល្អ ឬជាយ៉ាងណា អាចចិញ្ចឹមខ្លួនរស់ដែរឬទេ ឬថានឹងមានអនាគតដូចម្តេច... ។ល។


ក្នុងមួយថ្ងៃៗ  មនុស្សយើងមានទុក្ខរាប់រយជំពូក។  ទុក្ខអាចប្រែក្លាយទៅជាការភ័យខ្លាច  ខ្លាចកូនទៅសេពគប់ជនពាល  ខ្លាច គ្មានអង្ករច្រកឆ្នាំង  ខ្លាចប្រាក់ខែចាយមិនគ្រប់  ខ្លាចឈឺនេះឈឺនោះ  ខ្លាចសេដ្ឋកិច្ចធ្លាក់  ខ្លាចមានវិបត្តិនយោបាយ  ខ្លាចមានសង្រ្គាម... ដែលតាមពិតការភ័យខ្លាចរបស់មនុស្សយើងគឺជារឿងធម្មតា  តែការភ័យខ្លាចមានពីរប្រភេទ គឺខ្លាចមានហេតុផលនិងខ្លាចគ្មានហេតុផល។ ពីសម័យបុព្វកាល  ពេលមនុស្សឮផ្គរលាន់ឬឃើញរន្ទះបាញ់ដើមឈើឆេះរាលដាល  ពួកគេក៏រត់ប្រាសអាយុ  នោះគឺខ្លាចដោយគ្មាន ហេតុផល។  លុះដល់សម័យក្រោយមកមនុស្សបានរៀនយល់ដឹងពីបាតុភូតធម្មជាតិ មានហេតុផលកាន់តែច្រើន  ទើបលែងភ័យខ្លាចតាម របៀបដើម។  ប៉ុន្តែក៏នៅតែមានអ្នកភ័យខ្លាចបែបគ្មានហេតុផលច្រើនទៀតដែរក្នុងសម័យបច្ចុប្បន្ន ដូចជាខ្លាចខ្មោចព្រាយបិសាច ឬខ្លាច មន្តអាគមអូមអាមជាដើម  ហើយគេក៏ខំស្វះស្វែងរកវត្ថុស័ក្តិសិទ្ធិផ្សេងៗមកការពារដូចជាបន្តោងព្រះ  យ័ន្តគាថាជាដើម ដែលរាប់ថាជា ជំនឿម្យ៉ាង។



 ជំនឿគឺជាអ្វីដែលមិនងាយលុបបំបាត់បានឡើយ  ហើយអ្នកមានជំនឿបែបនេះតែងតែត្រូវអ្នកដទៃបោកប្រាស់បានដោយងាយ ដែលរាប់ថាការចង់បំបាត់ទុក្ខនិងក្តីភ័យខ្លាចរបស់ខ្លួនអាចបែរជានាំឲ្យកើតទុក្ខលើសដើមទៅវិញក៏មាន  ដោយសារចាញ់បោកពួកឆ្លៀត ឱកាសទាំងនោះ។​​  ហេតុនេះការរកវិធីរំដោះទុក្ខទៅតាមវិធីដ៏ត្រឹមត្រូវទើបជាការរកប្រយោជន៍បានល្អបំផុត។  សៀវភៅនេះបានណែនាំ ឲ្យអ្នកអានរៀនស្វែងយល់ពីទុក្ខពិតប្រាកដថាវាជាអ្វី  ហើយដែលយើងនឹងរកឃើញថាទុក្ខសុទ្ធតែកើតមកពីខ្លួនឯងទាំងអស់។  នៅពេល យើងបានឃើញរូបរាងទុក្ខពិតប្រាកដហើយ  នោះយើងក៏នឹងអាចរកមធ្យោបាយបំបាត់ទុក្ខទៅតាមរបៀបដែលបុគ្គលឆ្លាតៗគេធ្លាប់អនុវត្ត បានជោគជ័យរួចមកហើយ។

អត្ថបទនេះដកស្រង់ចេញពីសៀវភៅ ម៉ាញប៊ុក